យើងមិនអាចស្ងាមស្ងាត់ចំពោះការឈ្លានពានរបស់ថៃមកលើកម្ពុជាឡើយ!!!
សូមបួងសួងសូមឱ្យថ្នាក់ដឹកនាំអាចចរចាបានជោគជ័យ ដើម្បីបញ្ឈប់ការបាញ់ប្រហារឆាប់ៗនេះ!
ខណៈនេះកំពុងមានការជួបប្រជុំកម្រិតខ្ពស់រវាងនាយករដ្ឋមន្ត្រីកម្ពុជា
និងនាយករដ្ឋមន្ត្រីស្តីទីថៃនៅទីក្រុងកូឡាឡាំពួរ នារសៀលនេះ ដើម្បីចរចា បទឈប់បាញ់ក៏ដោយ
ក៏កងទ័ពថៃនៅបន្តវាយប្រហារយ៉ាងខ្លាំងនៅលើកម្ពុជា ចាប់ពីម៉ោង ៣ និង១០នាទីព្រឹក រហូតមក។
ក្នុងនាមជាស្ត្រីកំពុងពពោះកូន៨ខែ
ជាម្តាយនៃកូនប្រុសអាយុជាង៣ឆ្នាំម្នាក់ និងជាពលរដ្ឋម្នាក់នៃប្រទេសកម្ពុជា នាងខ្ញុំពិតជាព្រួយបារម្ភអំពីជម្លោះ និងការផ្ទុះអាវុធនៅតាមព្រំដែនរវាងកម្ពុជា-ថៃ។ ៥ថ្ងៃមកនេះ ខ្ញុំតែងតែតាមដានព័ត៌មានរហូត គេងមិនសូវលក់ទេ ព្រោះខ្លោចផ្សា បារម្ភយ៉ាងខ្លាំង អំពីសុវត្ថិភាពនៃបងប្អូនកងទ័ពជួរមុខ ដែលព្រមពលីដើម្បីជាតិ ដោយរងការបាញ់ប្រហារគ្រប់នាទី នៅមានជនភាសសឹក ចាស់ជរា ស្រ្តីមានផ្ទៃពោះ
ជនពិការ ជាពិសេសកុមារ និងទារកដែលមិនទាន់ដឹងក្តី ដោយពួកគាត់ត្រូវបានបង្ខំឱ្យចាកចេញពីផ្ទះ និងបោះបង់សាលារៀន
ព្រោះតែការឈ្លានពានដោយថៃ។
ខ្ញុំមានការខឹងសម្បារ ឈឺផ្សាជាខ្លាំងចំពោះទង្វើឈ្លានពានរបស់ប្រទេសថៃ
មកលើទឹកដីអធិបតេយ្យភាពរបស់យើង។ តាំងពីថ្ងៃទី ២៤ ខែកក្កដា ឆ្នាំ២០២៥នេះ ការវាយលុកទ្រង់ទ្រាយធំរបស់យោធាថៃលើទឹកដីកម្ពុជា
តាមបណ្តោយព្រំដែនដូចជា ប្រាសាទតាមាន់ធំ ប្រាសាទតាក្របី និងប្រាសាទព្រះវិហារ ដោយប្រើប្រាស់យន្តហោះចម្បាំង
គ្រាប់បែកចង្កោម និងអាវុធធនធ្ងន់ ដែលបណ្តាលឱ្យជនស៊ីវិលរងគ្រោះ
និងខូចខាតដល់ទីតាំងប្រវត្តិសាស្ត្ររបស់កម្ពុជា។ នេះមិនមែនជា «ការប៉ះទង្គិចតាមព្រំដែន» ទេ តែវាជាសង្គ្រាមដោយចេតនាដែលធ្វើដោយភាគីថៃ
និងជារឿងអយុត្តិធម៌សម្រាប់កម្ពុជា។
ថៃបានដាក់ពង្រាយយន្តហោះចម្បាំង
បើកការវាយប្រហារតាមអាកាសដោយប្រើប្រាស់F-16 ដ្រូន គ្រាប់បែកចង្កោម និងផ្សែងពុល នៅមានកាំភ្លើងត្បាល់ កាំភ្លើងធំ
បាញ់ផ្លោងលើភូមិជនស៊ីវិល និងរុញទ័ពជើងគោកចូលជ្រៅក្នុងដីកម្ពុជា។ ទាំងនេះមិនមែនជាសកម្មភាពការពារទេ
វាគឺជាការរំលោភលើអធិបតេយ្យភាព និងសេចក្តីថ្លៃថ្នូរជាតិកម្ពុជា។
កម្ពុជាបានបង្ហាញការអត់ធ្មត់ តាមរយៈការដាក់លិខិតទៅក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ ដើម្បីស្វែងរកសន្តិភាព
និងបានស្នើសុំឱ្យមានបទឈប់បាញ់មួយ
សម្រាប់បេសកកម្មស្វែងរកការពិតរបស់អង្គការសហប្រជាជាតិ
និងឱ្យតុលាការយុត្តិធម៌អន្តរជាតិជួយអន្តរាគមន៍។
ប៉ុន្តែថៃនៅតែបន្តព្រងើយកន្តើយខាងការទូត និងពង្រីកសង្រ្គាមរបស់ខ្លួន។
ថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០២៥
ថៃបានបាញ់ស្រោចលើតំបន់នានាជុំវិញ និងប្រាសាទព្រះវិហារផង ដោយប្រើប្រាស់កាំភ្លើងផ្លោងធ្ងន់ៗ គ្រាប់បែកចង្កោម ពិសេសប្រើយន្តហោះចម្បាំងF16ទម្លាក់គ្រាប់បែក
នាំឱ្យមានការខូចខាតធ្ងន់ធ្ងរ។ នេះឬ ជាទង្វើដែលអះអាងថាប្រាសាទព្រះវិហារ ជារបស់ខ្លួន?
បើជារបស់ខ្លួនមែនមិនមែន ម៉្លេះអ្នកស្រលាញ់ ថែរក្សា មិនមែនមកបំផ្លាញបែបនេះឡើយ។
ប្រាសាទព្រះវិហារដែលមរតកដ៏មហាសាលរបស់កម្ពុជា ត្រូវបានដាក់បញ្ចូលជាសម្បត្តិបេតិកភណ្ឌពិភពលោក នៅថ្ងៃទី៧ ខែកក្កដា ឆ្នាំ២០០៨។ ត្រង់កន្លែងនេះសូមឱ្យអង្គការ
UNESCO រកដំណោះស្រាយ និងផ្តល់យុត្តិធម៌សម្រាប់កម្ពុជា។
សូមអរគុណបងប្អូនកងទ័ពជួរមុខ ដែលលះបង់កម្លាំងកាយចិត្តដើម្បីជាតិមាតុភូមិ
និងសូមឧទ្ទិសកុសលដល់បងប្អូនកងទ័ពដែលបានពលី
សូមឱ្យបានទៅកាន់សុគតិភព។ ពួកយើងចងចាំលោកជាវីរបុរសក្នុងដួងចិត្តកូនចៅ រហូតទៅ។ សូមឱ្យខ្មែរកាន់តែសាមគ្គីគ្នាទាមទាយុត្តិធម៌ឱ្យបាន។
យើងជាជាតិស្រលាញ់សន្តិភាព ប៉ុន្តែមិនមែនជាប្រទេសទន់ខ្សោយឡើយ។
យើងទាមទារយុត្តិធម៌សម្រាប់កម្ពុជា។ យើងទាមទារការគោរពព្រំដែនរបស់យើង
និងអធិបតេយ្យភាពរបស់យើង។ យើងទាមទារឱ្យថៃបញ្ឈប់សង្គ្រាមនេះឥឡូវនេះ។
នាងខ្ញុំថ្កោលទោសការឈ្លានពានរបស់ប្រទេសថៃក្នុងលក្ខខណ្ឌដ៏ខ្លាំងក្លាបំផុត។
កម្ពុជាមិនចង់មានការបង្ហូរឈាមទេ ប៉ុន្តែយើងមិនលុតជង្គង់ចំពោះសត្រូវជាដាច់ខាត។
យើងចង់បានសន្តិភាព ដើម្បីឱ្យជនស្លូតត្រង់មកពីជាតិសាសន៍ទាំងពីរបានរស់នៅដោយសុខដុមរមនា៕
Cambodia needs peace
នឿន ដាវីន
0 Comments